តើនាយកដ្ឋានផ្គត់ផ្គង់មានប្រភពមកពីណា ហើយបំពេញភារកិច្ចអ្វីខ្លះជូនកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ និងអគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ?
នៅក្រោយថ្ងៃរំដោះ៧មករា១៩៧៩ អង្គភាពមួយដែលចំណុះឲ្យក្រសួងការពារប្រទេសមានឈ្មោះថា “អគ្គស្នងការភស្តុភារ“ ត្រូវបានបង្កើតឡើង។ អង្គភាពនេះបានធ្វើការធានាដល់កងទ័ពបដិវត្តន៍ប្រជាជន កម្ពុជាលើវិស័យភស្តុភារដែលរួមមាន៖ ស្បៀងកងទ័ព យោធបរិក្ខារ ប្រេងឥន្ធនៈ សុខាភិបាល (មន្ទីរពេទ្យ និង គ្រូពេទ្យ) ការកសាងជំរុំជម្រក (វិស្វកម្ម) ការដឹកជញ្ជូន និងយោធសម្ភារៈបច្ចេកទេស។
អនុលោមតាមស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសនាថ្ងៃ២៣ ខែតុលា ឆ្នាំ១៩៩១ គ្រប់ភាគីគណបក្ស នយោបាយ លើកលែងគណបក្សកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) បានចូលរួមបោះឆ្នោតសកល នីតិកាលទីមួយនៃរដ្ឋសភា នៅខែកក្កដាឆ្នាំ១៩៩៣។ ក្រោយការបោះឆ្នោតនីតិកាលទី១ រដ្ឋសភាជាតិត្រូវ បានបង្កើតឡើង ហើយច្បាប់រដ្ឋធម្មនុញ្ញត្រូវបានអនុម័តដោយព្រះមហាក្សត្រ ពេលនោះហើយប្រទេសកម្ពុជា មានឈ្មោះជាលើកទី២ថា “ព្រះរាជាណាចក្រកម្ពុជា” ហើយអង្គនីតិប្រតិបត្តិត្រូវបានបង្កើតឡើង ដោយ មាននាយករដ្ឋមន្ត្រីចំនួនពីររូប (ហៅថាសហនាយករដ្ឋមន្រ្តី) ខណៈពេលនោះក្រសួងការពារជាតិ ក៏មាន រដ្ឋមន្រ្តីចំនួន២រូប (ហៅថាសហរដ្ឋមន្ត្រីក្រសួងការពារជាតិ) ផងដែរ។
អង្គភាពអគ្គស្នងការភស្តុភារពីមួយថ្ងៃទៅមួយថ្ងៃ ទទួលភារកិច្ចកាន់តែច្រើនឡើងៗវិវត្តន៍ពីភាពសាមញ្ញទៅកាន់ភាពស្មុកស្មាញ ស្របពេលការកែទម្រង់រចនាសម្ព័ន្ធកងយោធពលខេមរភូមិន្ទ តម្រូវឲ្យមានការ ច្របាច់បញ្ចូលគ្នានៃកងកំលាំងបីភាគី ( ភាគីរដ្ឋកម្ពុជា ភាគីរាជានិយម និងភាគីសេរីនិយមព្រះពុទ្ធសាសនា) និងដើម្បីសម្របទៅតាមស្ថានការនយោបាយផងនោះ នៅឆ្នាំ១៩៩៨ នាយដ្ឋានភស្តុភារ និងនាយដ្ឋានថវិកា ត្រូវបានច្របាច់បញ្ចូលគ្នាហើយប្តូរឈ្មោះជាអគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុដែលជាអង្គភាពថ្មីចំណុះឲ្យ ក្រសួងការពារជាតិ។
អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុមានអង្គភាពចំណុះ ៖ ១)នាយកដ្ឋានហិរញ្ញវត្ថុ ២)នាយកដ្ឋានផ្គត់ផ្គង់ ៣)នាយកដ្ឋានសុខាភិបាល (មន្ទីរពេទ្យ និងសាលាពេទ្យ) ៤)នាយកដ្ឋានប្រេងឥន្ធនៈ ៥)នាយកដ្ឋានវិស្វកម្ម និងកងពលតូចដឹកជញ្ជូនលេខ៩៩។ ក្រោយមកការិយាល័យសម្ភារៈបច្ចេកទេស បានបំបែកជាអង្គភាពដាច់ ដោយឡែក។ នៅឆ្នាំ២០១២ នាយកដ្ឋានវិស្វកម្មក៏បានបំបែកចេញពី អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុផងដែរ ហើយបច្ចុប្បន្ននេះ អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុមានអង្គភាពចំណុះចំនួន ៧អង្គភាពរួមមាន៖ នាយកដ្ឋានហិរញ្ញវត្ថុ នាយកដ្ឋានផ្គត់ផ្គង់ នាយកដ្ឋានប្រេងឥន្ធនៈ នាយកដ្ឋានសុខាភិបាល មន្ទីរពេទ្យ- ព្រះកេតុមាលា កងពលតូចដឹកជញ្ជូនលេខ៩៩ និងមន្ទីរពេទ្យសម្ដេចតេជោហ៊ុនសែនស្រអែម។
នាយកដ្ឋានផ្គត់ផ្គង់ជាអង្គភាពដ៏សំខាន់មួយនៅក្នុងអគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ ដែលមានតួនាទី និងភារកិច្ច៖ បង្កប្រភពទំនិញ ធានាស្បៀងអាហារ និងយោធបរិក្ខារជូនយោធិនក្នុងកងយោធពលខេមរភូមិន្ទ ដើម្បីរួមចំណែកក្នុងការប្រយុទ្ធ ប្រតិបត្តិការផ្សេងៗ ការចិញ្ចឹមកងទ័ព ការស្លៀកពាក់ឲ្យបានគ្រប់គ្រាន់ និង ជម្រុញការងារបង្កបង្កើនផល ដើម្បីលើកកម្ពស់ជីវភាពកងទ័ព ដោយបំពេញភារកិច្ចធំៗចំនួន៥ និងកិច្ចការងារ ផ្សេងៗទៀត ដូចខាងក្រោម ៖
១. ការងារបង្កប្រភព ៖
- អនុវត្តតាមនិតិវិធីលទ្ធកម្មសាធារណៈ លើមុខទំនិញ ៖ អង្ករ ស្បៀងក្រៀម យោធបរិក្ខារ (ឯក- សណ្ឋានពីក្បាលដល់ចុងជើង បរិក្ខាររួមផ្សំ បរិក្ខារប្រយុទ្ធ និងបរិក្ខាររយៈពេលយូរ) និងឧបករណ៍ផ្ទះបាយ។
- ទទួលជំនួយពីបណ្តាប្រទេសជាមិត្ត ដែលកន្លងមកធ្លាប់ទទួលបានយោធបរិក្ខារពីប្រទេសចិន ប្រទេសវៀតណាម ប្រទសថៃ ប្រទេសឥណ្ឌូនេស៊ី និងសហរដ្ឋអាមេរិក ។ល។
- ការងារបង្កបង្កើនផល ចិញ្ចឹមសត្វ បានផ្ដល់ពូជបន្លែ និងសត្វគោដល់បណ្ដាអង្គភាព។
២. ការងារបើកចែក ៖
- បើកផ្តល់ជូនអង្គភាពគោលទាំង៧ក្នុងកងយោធពលខេមរភូមិន្ទ៖ ក្រសួងការពារជាតិ អគ្គបញ្ជាការ- ដ្ឋាន កងទ័ពជើងគោក កងទ័ពជើងទឹក កងទ័ពជើងអាកាស កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងបញ្ជាការ ដ្ឋានអង្គរក្ស។
- ស្បៀងអាហារ អង្ករបើកជារបបតាមត្រីមាស ហ្វឹកហ្វឺន បេសកកម្ម សិក្ខាកាមបរទេស ពិរុទ្ធជន អ្នកជំងឺតាមមន្ទីរពេទ្យ គិលានដ្ឋាន គ្រួសារទ័ពនៅតាមបណ្តាកោះ ។ល។ ឧបករណ៍ផ្ទះបាយបើកផ្ដល់ជូន កងឯកភាពហូបរួម។ ត្រីខកំប៉ុងដាក់ត្រៀមនៅតាមបណ្តាទិសរបស់នាយកដ្ឋានសម្រាប់ បន្ថែមដល់ការហ្វឹកហ្វឺន បេសកកម្ម គ្រោះមហន្តរាយផ្សេងៗ ជាពិសេសត្រៀមសម្រាប់សភាពការណ៍ចៃដន្យណាមួយជាយថាហេតុ។
- យោធបរិក្ខារ បើកជារបបតាមឆមាស របបតាមឆ្នាំ កម្លាំងហ្វឹកហ្វឺន បេសកកម្ម សិក្ខាកាមរៀនក្រៅបរទេស សមយុទ្ធ ពិធីបុណ្យជាតិ បុណ្យប្រវត្តិសាស្រ្តផ្សេងៗ កងកិត្តិយសត្រែទ័ព និងសព។ល។
៣.ការងារទូទាត់ ៖
- រាល់បណ្តាសម្ភារៈផ្គត់ផ្គង់ដែលកងឯកភាពគោលទទួលយកទៅបើកចែកដល់កងឯកភាព ត្រូវធ្វើការទូទាត់ អង្ករទូទាត់តាមត្រីមាស និងយោធបរិក្ខារទូទាត់តាមឆមាស ។
៤.គ្រប់គ្រងមូលដ្ឋានសម្ភារៈ ៖
- ដើម្បីគ្រប់គ្រងសម្ភារៈបានល្អ និងធានាឲ្យបានទាន់ពេលវេលាពេលមានសភាពការណ៍ចាំបាច់ នាយកដ្ឋានផ្គត់ផ្គង់មានឃ្លាំងទុកដាក់សម្ភារៈយោធបរិក្ខារ និងដាក់ស្បៀងអាហារ ព្រមទាំងបានបង្កើត ស្នាក់ការដោយមានឃ្លាំងតម្កល់សម្ភារៈផ្គត់ផ្គង់នៅទិសយោធភូមិភាគទី១ ទិសយោធភូមិគទី៤ និងទិសយោធភូមិភាគ ទី៥ ហើយបណ្តាកងឯកភាពត្រូវមានឃ្លាំងឲ្យបានសមស្រប សម្រាប់ទុកដាក់សម្ភារៈឲ្យមាន របៀប រៀបរយ ទៅ តាមលក្ខណៈបច្ចេកទេស។
៥.ការងារហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញ ៖
- នាយកដ្ឋានផ្គត់ផ្គង់បានបើកវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញផ្ទៃក្នុង និងតាមបណ្តាកងកភាព មួយ ចំនួនដើម្បីគ្រប់គ្រងជំនាញឲ្យបានល្អ និងមានគ្រូឯកទេសធ្វើបទបង្ហាញ និងបាឋកថានៅតាម បណ្ដាកង ឯកភាពដែលស្នើអញ្ជើញ។
- លើមាត្រានីមួយៗ នាយកដ្ឋានបានចូលរួមធ្វើវិសោធន៍កម្មកែសម្រួលលើអនុក្រឹត្យស្តីពី ឯកសណ្ឋានកងយោធពលខេមរភូមិន្ទ លើមាត្រាមួយចំនួន ដើម្បីឲ្យការស្លៀកពាក់ និងការប្រើប្រាស់បានល្អ។